អម្ពរ ទេវី ដាច់​ចិត្ត​ហោះ​ឆ្លង​ទ្វីប​​​មក​សម្ដែង ខណៈ​បាន​ថ្លៃ​ខ្លួន​​កប់​ពពក


វត្តមាន​ជា​ថ្មី​ក្នុង​វិស័យ​ភាពយន្ត​របស់​កំពូល​តារា​សម្ដែង​តាំង​ពី​អតីតកាល អ្នកនាង អម្ពរ ទេវី បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ និង​សាទរ​ព្រមៗ​គ្នា។ មាន​ការ​បង្ហើប​ថា វា​មិន​មែន​ជា​រឿង​ងាយ​ទេ ទម្រាំ​អាច​ទាក់​ចិត្ត​តារា​សម្ដែង​ដែល​ឃ្លាត​ពី​សិល្បៈ​អស់​ជាង​១​ទសវត្សរ៍​នេះ​មក​សម្ដែង​បាន​ ឯ​ថ្លៃ​ខ្លួន​របស់​អ្នក​ស្រី​វិញ​​ក៏​ខ្ពស់​កប់​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ឡើយ។​
ភាពយន្ត​ភាគ​តម្រូវ​ឲ្យ​​អ្នក​ស្រី ហោះ​ឆ្លង​ទ្វីប​មក​សម្ដែង​លើក​នេះ គឺ​រឿង "ឆន្ទា" និង "កាកី" ដែល​សុទ្ធ​តែ​ជា​រឿង​ភាគ​សម្រិត​សម្រាំង​ប្រចាំ​ឆ្នាំ​២០១៨​។
យ៉ាង​ណា សាមី​ខ្លួន​មិន​ធ្លាប់​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ឡើយ ហើយ​សូម្បី​តែ​ម្ចាស់​ផលិតកម្ម​​ទាំង​២​ ក៏​សុំ​រក្សា​ការ​សម្ងាត់​ជុំវិញ​ព័ត៌មាន​ហិរញ្ញវត្ថុ​នេះ​ដែរ​។
ជា​មួយ​គ្នា​នោះ ប្រភព​ស្និទ្ធស្នាល​ចេញ​ពី​រង្វង់​អ្នក​សិល្បៈ​​បាន​ឲ្យ​​ថា ថ្លៃ​ខ្លួន​អ្នក​ស្រី អម្ពរ ទេវី ​ក្នុង​ការ​វិល​ត្រលប់​មក​មួយ​ជើង​នេះ គឺ​មិន​តិច​ជាង ១ម៉ឺន​ដុល្លារ​ឡើយ​ក្នុង​១​រឿង។ នេះ​ជា​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​តួ​សម្ដែង​ខ្មែរ​បច្ចុប្បន្ន​ ហើយ​ថ្លៃ​ជា​ង​តារា​ជួរ​មុខ​សព្វ​ថ្ងៃ​គុណ​នឹង​២ដង​​ឯ​ណោះ។
ប្រភព​ដដែល​អះអាង​បន្ថែម​​ថា ​អ្នក​ស្រី​​ធ្លាប់​បង្ហើប​មុន​ពេល​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ក្រោយ​សម្ដែង​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី" ចប់ ថា​ ទាល់​តែ​បាន​ថ្លៃ​ខ្លួន​១ម៉ឺន​ឡើង​ ទើប​អាច​ធ្វើ​ដំណើរ​ឆ្លង​សាគរ​មក​​សម្ដែង​ម្ដង​ទៀត​៕

ប្រភព Sabay កែសំរួល: HormVantra Official

Comments